ការហ្វឹកហាត់ ការធ្វើ ហ្វឹកហាត់ចិត្ត និង អប់រំបញ្ញា
ការហ្វឹកហាត់ ការធ្វើ ហ្វឹកហាត់ចិត្ត និង អប់រំបញ្ញា
- ការឲ្យក្មេងរៀនគឺជាប្រការដំបូង ចាប់ផ្ដើមដោយការរៀនអំពីការ ប្រើភ្នែក ត្រចៀក ច្រមុះ អណ្ដាត ដែលជារឿងក្នុងជីវិតប្រចាំថ្ងៃ ហើយដែលជារឿងរស់នៅ។ បើនិយាយដោយខ្លីគឺថា រៀនដោយការហ្វឹកហាត់ ការប្រព្រឹត្តក្នុងការប្រើភ្នែកមើល ប្រើត្រចៀក ស្ដាប់ ។ល។ និង ការប្រព្រឹត្តក្នុងការប្រើប្រាស់បរិភោគ ក៏ជាការហ្វឹកហាត់ ចិត្ត និង ហ្វឹកហាត់បញ្ញាផងដែរ។ព្រមជាមួយគ្នានោះ បែបបទដែលហៅថា សីល សមាធិ បញ្ញា ក្នុងខណៈនោះ ទាំងបីនេះបានសំដែងចេញមកតាមការប្រព្រឹត្ត ដែលហៅថាសីល។
- ផ្ដើមអំពីការបរិភោគសន្សឹមៗ ហាត់ឲ្យក្មេងផ្ដើមយល់ ដឹង និង គិត ជាបណ្ដើរៗ និងសួរគេថា យើងបរិភោគនេះ តើបរិភោគដើម្បីអ្វី? បើមិនដូច្នោះទេ ក្មេងមានទម្លាប់ និង អាកប្បកិរិយា ការសម្លឹងទៅដោយគិតថា ឆ្ងាញ់ ឬមិនឆ្ងាញ់តែប៉ុណ្ណោះ។ ការពិតការបរិភោគ មិនបានបញ្ចប់ទៅត្រឹម ការឆ្ងាញ់ ឬមិនឆ្ងាញ់នោះទេ តែការបរិភោគវាជាសេចក្ដីត្រូវការរបស់ជីវិត គឺរាងកាយនឹងស្ថិតនៅបានត្រូវតែមានការបរិភោគ ត្រង់នេះមានន័យថា បរិភោគដើម្បីឲ្យរាងកាយមានសុខភាពរឹងមាំទេតើ ហើយបើយើងមានសុខភាពរឹងមាំ ទោះទៅធ្វើកិច្ចការអ្វីក៏បាន គឺដំណើរជីវិតនឹងប្រព្រឹត្តទៅបានល្អ។ មែនហើយ បរិភោគដើម្បីជីវិតរស់នៅ និងសុខភាពមាំទាំ។
- អូ៎! បើយ៉ាងនេះ គួរបរិភោគយ៉ាងណា ទើបតបស្នងសេចក្ដីត្រូវការរបស់រាងកាយឲ្យបានត្រឹមត្រូវ។ បើចង់ឲ្យរាងកាយមានសុខភាពល្អមាំទាំ ត្រូវបរិភោគនូវអាហារដែលរាងកាយត្រូវការ តិចច្រើនយ៉ាងណា ពេលនេះពិតជាមានពាក្យដែលត្រូវឆ្លើយ។ បើបរិភោគដើម្បីឆ្ងាញ់ឬដើម្បីភាពសង្ហារ នឹងមិនមានពាក្យឆ្លើយមិនមានទីបំផុតថា បរិភោគប៉ុនណា ហើយប្រើប្រាក់ចាយប៉ុនណាក៏មិនល្មម។
- ព្រមជាមួយការយល់ដឹងក្នុងការបរិភោគ ឬត្រូវបរិភោគយ៉ាងណានោះ ក្មេងក៏ផ្ដើមមានតុល្យភាព មិនមែនបរិភោគត្រឹមតែឆ្ងាញ់ និង ខ្ជះខ្ជាយ មិនមានបញ្ញានោះទេ គឺក្មេងនឹងប្រែមកបរិភោគដោយបញ្ញា មិនមែនដោយតណ្ហា និង មោហៈ ដែលជាការបរិភោគល្អ ព្រោះថាបរិភោគដើម្បីតបស្នងសេចក្ដីត្រូវការរបស់រាងកាយ ដែលអាចឲ្យជីវិតនេះតាំងនៅបានត្រឹមណាក៏ត្រឹមនោះក៏គឺជាការសាង និស្ស័យដែលល្អ ដោយការយល់ដឹងឬការសិក្សា។
- ដោយហេតុនេះ ទើបបានជាព្រះពុទ្ធសាសនាផ្ដើមហ្វឹកហាត់ខ្លួន ដោយការឲ្យពិចារណាអាហារ សម្លៀកបំពាក់ថា យើងបរិភោគ យើងប្រើប្រាស់ដើម្បីអ្វី ឆ្លើយខ្លួនឯងឲ្យបានហើយសឹមធ្វើ។ ការធ្វើយ៉ាងនេះ នឹងធ្វើឲ្យក្មេងបរិភោគដើម្បីប្ដូរយកភាព សង្ហារដែលជាការខ្ជះខ្ជាយ ដែលប្រព្រឹត្តទៅតាមសម័យនិយម។ តែមានទំនុកចិត្តខ្លួនឯង ព្រោះដឹងការពិត និង មានបញ្ញាគ្រប់គ្រងដែលជាទំនុកចិត្តដ៏រឹងមាំល្អ។
- មនុស្សយើងបើមានចិត្តតាំងមាំដោយបញ្ញា សម្លឹងមើលការពិត ចិត្តរឹងរឹតតែមាំទាំ។ ក្មេងដែលមានចិត្តតាំងមាំជាមូលដ្ឋានហើយ សូម្បីស្ថិតនៅក្នុងក្រសែនៃការនិយមយ៉ាងណាក្ដី ក៏មិនអាចអូសទាញក្មេងឲ្យទៅតាមក្រសែនោះបានដែរ។ ដូច្នោះ ការសិក្សានេះ ត្រូវចាប់ផ្ដើមពីក្នុងគ្រួសារ ដែលផ្លូវព្រះពុទ្ធសាសនាហៅថា សីលថ្នាក់ដំបូង។
- ចំណែកម្យ៉ាងទៀត គឺការប្រើភ្នែកមើល ត្រចៀកស្ដាប់ ច្រមុះដឹងក្លិន អណ្ដាតដឹងរស និងសម្ផស្សតាមផ្លូវកាយ ក្នុងផ្លូវព្រះពុទ្ធសាសនា ហៅថា ការប្រើឥន្ទ្រិយ ដែលធ្វើនាទី២ផ្នែក។
- ផ្នែកទី១ គឺផ្នែកទទួលការរលឹកដឹងថា សប្បាយ មិនសប្បាយ ឬព្រងើយៗ ដូចជាឃើញរបស់ល្អស្អាតក៏សប្បាយភ្នែកឃើញរបស់មិនល្អស្អាត ក៏មិនសប្បាយភ្នែក ឬទាស់ភ្នែក។
- មួយផ្នែកទៀត គឺផ្នែកទទួលការយល់ដឹង។ ធ្វើនាទីទទួលការយល់ដឹងជាគោលថា យ៉ាងនេះជាពណ៌ខៀវ ពណ៌ក្រហមជាដើមឈើ ជាភ្នំ ជាព្រះវិហារ... ។ ធ្វើឲ្យកើតការយល់ដឹង។
- មនុស្សយើងដែលរស់នៅនេះគឺ ទទួលដឹងដោយឃើញដោយឮជាដើម ហើយមានសេចក្ដីរលឹកដឹងថា សប្បាយភ្នែកក៏ចូលចិត្ត ពេញចិត្ត។ បើរលឹកដឹងថា មិនសប្បាយភ្នែក ទើសភ្នែក ក៏មិនចូលចិត្ត ចង់គេច ចង់ជៀស។ បើសប្បាយត្រូវចិត្ត ត្រូវថ្លើម ក៏ពេញចិត្តចង់បាន ចង់ឃើញ សេចក្ដីសុខ និង ទុក្ខក៏កើតមានឡើងក្នុងពេលនោះ។ នេះជាផ្នែកការរលឹកដឹង។
- តែត្រូវប្រើឥន្ទ្រិយក្នុងការទទួលចំណេះដឹង នឹងធ្វើឲ្យមានការអភិវឌ្ឍជឿនលឿន ព្រោះដោយសារមានការយល់ដឹង។
- ដូច្នោះ ធ្វើយ៉ាងណាដើម្បីឲ្យក្មេងបានប្រើភ្នែក ច្រមុះ ត្រចៀក អណ្ដាត កាយ ដែលហៅថា ឥន្ទ្រិយ ឲ្យប្រព្រឹត្តទៅដើម្បីបានទទួលការយល់ដឹងឲ្យកើតបញ្ញា គឺជាការបង្កើនការយល់ដឹងមិនមែនត្រឹមតែសោយនូវអារម្មណ៍ តាមផ្លូវភ្នែក ត្រចៀក ច្រមុះ ដើម្បីសោយនូវរូបស្អាត សំឡេង ពីរោះ... តែប៉ុណ្ណោះទេ។ តែត្រូវឲ្យបានយល់ដឹង គឺសិក្សាថា នេះគឺអ្វី ជាអ្វី មកយ៉ាងណា ដើម្បីអ្វីមានប៉ុនណា ប្រើយ៉ាងដូចម្ដេច? មានគុណទោសយ៉ាងណា ។ល។
- សរុបសេចក្ដីមក ក្មេងប្រើភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ដើម្បីសោយអារម្មណ៍ម្យ៉ាង និង ដើម្បីសិក្សាម្យ៉ាង។
- អាត្មាធ្លាប់បានសួរកូនក្មេងដែលបានមកវត្តថា " អានាង ឯងមើល ទូរទស្សន៍មួយថ្ងៃប៉ុន្មានម៉ោង? " តែបើថ្ងៃសៅរ៍ អាទិត្យវិញក៏មើលច្រើន អាចមួយថ្ងៃតែម្ដង "។
- សួរបន្តទៀតថា " ដែលមើលទូរទស្សន៍នោះ មើលដើម្បី មើលប៉ុន្មានភាគរយ មើលដើម្បីសិក្សាប៉ុន្មានភាគរយ " ក្មេងឆ្លើយថា " មិនធ្លាប់បានឮឡើយ " តែគេទ្រឹងមិនយូរប៉ុន្មាន ក៏ឆ្លើយថា " មើលដើម្បីមើល ៩៩% ដើម្បីដើម្បីសិក្សាបន្ថែមមិនមានទេ "។
- " អូ៎ ម្ដេចបានជាយ៉ាងនោះ អានាងឯងធ្វើនេះត្រូវទេ? " យើងមិនបានបង្គាប់គេ មិនបានសម្រេចឲ្យគេ គឺឲ្យគេគិតដោយខ្លួនឯង។ ក្មេងប្រាប់ថា " មិនត្រូវទេ " គេដឹង។
- " បើយ៉ាងនោះធ្វើដូចម្ដេចទើបល្អ " ក្មេងឆ្លើយថា " ត្រូវកែប្រែ "។
- " អានាងឯងត្រូវកែប្រែយ៉ាងណា " ក្មេងឆ្លើយថា " មើលដើម្បីមើល ៥០% មើលសិក្សា ៥០% អាត្មាក៏ប្រាប់ទៅវិញថា ខ្នាតនេះមិនត្រឹមត្រូវទេ ចិត្តក្មេងសម័យនេះ ត្រូវមនុស្សចាស់ធ្វើគំរូទុកឲ្យមិនល្អ ដូច្នោះ អានាងមិនត្រូវប្រញាប់ប្រញាល់ពេកទេ ចង់មើលតិចច្រើនប៉ុនណាក៏បាន តែត្រូវផ្ដើមសិក្សាឲ្យច្រើនឡើង។
- ទីបំផុតក្មេងឆ្លើយថា " ដើម្បីមើល ៧០% ដើម្បីសិក្សា ៣០% "។
- ណ្ហើយចុះ ចាប់ផ្ដើមត្រឹមនេះសិនក៏បាន។
- ក្មេងដែលចាប់ផ្ដើមគិត និង យល់ព្រមធ្វើយ៉ាងនេះ នឹងផ្ដើមបោះជំហានទៅមុខ ព្រោះមានការមើលដើម្បីសិក្សា ហើយសេចក្ដីសុខកើតអំពីការសិក្សានឹងចម្រើនឡើង។
- សេចក្ដីសុខរបស់មនុស្សយើង មានព្រោះបានការតបស្នងសេចក្ដីត្រូវការ។ បើយើងមានសេចក្ដីត្រូវការអ្វីមួយ កាលបើបានការតបស្នងសេចក្ដីត្រូវការនោះ យើងក៏មានសេចក្ដីសុខ។ ពេលនេះក្មេងមានទម្លាប់នៅជាមួយសេចក្ដីត្រូវការ គឺការមើល គឺចង់មើល ចង់ស្ដាប់ ដើម្បីបានការតបស្នង គឺការរីករាយសប្បាយចិត្តតែម្យ៉ាង គេក៏បានទទួលសេចក្ដីសុខ អំពីការបានលេង បានមើល បានស្ដាប់ និង បានសោយនូវសេចក្ដីរីករាយ។ តែបើគេទម្លាប់ខ្លួនក្នុងការសិក្សា បានយល់ដឹង និង កើតការចូលចិត្តឬចង់ដឹង កាលបានតបស្នងសេចក្ដីត្រូវការ គឺការចង់ដឹង គេក៏មានសេចក្ដីសុខពីការយល់ដឹង។ ពេលនោះនឹងធ្វើឲ្យក្មេងមានការអភិវឌ្ឍ។ តែបើជាការតបស្នងដល់ការត្រូវការ គឺការសោយអារម្មណ៍ឬការរីករាយសប្បាយ វិថីរបស់ការទទួលដឹង និង ដំណើរទៅមុខក្នុងផ្នែកការរលឹកដឹង គឺបានជួបរបស់ណាដែលពេញចិត្ត ក៏មានសេចក្ដីសុខ បើបានជួបនឹងរបស់ដែលមិនពេញចិត្ត ក៏ជាទុក្ខវិលវល់ត្រឹមតែប៉ុណ្ណឹងឯង។
- បើក្នុងផ្លូវផ្ទុយពីនេះវិញ បើជាការតបស្នងសេចក្ដីត្រូវការចង់ចេះ ចង់ដឹង វិថីរបស់ការទទួលដឹង និង ការកើតសេចក្ដីសុខក៏ប្រែប្រួល ព្រោះការយល់ដឹងមិនកើតឡើងជាមួយការពេញចិត្តឬមិនពេញចិត្ត។ គេបានយល់ដឹង ទោះបានជួបរបស់មិនល្អ ទីពេញចិត្តគេក៏ដឹង និង ការយល់ដឹងនេះហើយ ដែលបានតបស្នងសេចក្ដីត្រូវការបាន គេក៏មានសេចក្ដីសុខជាមួយការយល់ដឹងនោះ។ ដូច្នោះ គេក៏បានរួចផុតដំណាក់កាលទី១ គឺរួចផុតអំពីអំណាចនៃការកំណត់សុខ និង ទុក្ខដោយការពេញចិត្ត និង មិនពេញចិត្ត ដែលតាមផ្លូវព្រះពុទ្ធសាសនាហៅថា ត្រេកអរ និង មិនត្រេកអរ មានន័យថា ការពេញចិត្តឬមិនពេញចិត្ត មិនមែនជាតួកំណត់សេចក្ដីសុខឬសេចក្ដីទុក្ខឲ្យគេទេ។ តែការយល់ដឹងជាតួកំណត់ ទោះជារបស់ពេញចិត្តឬមិនពេញចិត្ត គេក៏បានយល់ដឹង និង មានសេចក្ដីសុខ។ ទើបគេអាចមានសេចក្ដីសុខបានគ្រប់ស្ដានការណ៍។
- ពួកបុថុជ្ជនគ្រប់ថ្នាក់ កាលបានជួបរបស់ដែលសប្បាយភ្នែកក៏ពេញចិត្ត។ កាលជួបរបស់ដែលទើសភ្នែកក៏ទាស់ ហើយសុខក៏នៅជាមួយនឹងរបស់ពេញចិត្ត។ ទុក្ខក៏នៅជាមួយរបស់ដែលមិនពេញចិត្ត ហើយគេក៏បានចូលមកក្នុងក្បួននៃការរត់រកសេចក្ដីសុខ គេចជៀសពីទុក្ខ។ តែគេគួរតែរៀនយល់ដឹង ការយល់ដឹងមិនកើតឡើងជាមួយការពេញចិត្តឬមិនពេញចិត្ត។ របស់ដែលពេញចិត្តក៏បានដឹង របស់ដែលមិនពេញចិត្តក៏បានដឹង។ ពេលនោះគេអាចនឹងទទួលបានសេចក្ដីសុខពីការយល់ដឹងនោះ ហើយគេអាចមានសេចក្ដីសុខសូម្បីបានជួបរបស់ដែលមិនពេញចិត្ត។ នេះជាការអភិវឌ្ឍ។ រួមសេចក្ដីមក គឺរួចផុតពីការវិលវល់ក្នុងសេចក្ដីសុខ និងទុក្ខ ដែលត្រូវកំណត់ដោយការពេញចិត្តឬមិនពេញចិត្ត គឺគេអាចមានសេចក្ដីសុខគ្រប់ស្ថានការណ៍ ព្រោះការយល់ដឹងអាចកើតឡើងគ្រប់ស្ថានការណ៍។
- ក្រៃលែងជាងនោះទៅទៀត បន្ទាប់មកគេនឹងសម្លឹងឃើញបន្ថែមទៀតនូវរបស់ដែលគេមិនពេញចិត្ត ឬរបស់ណាដែលជាបញ្ហា គេនឹងបានយល់ពីរបស់នោះកាន់តែច្រើន។ កាលបានយល់ដឹងច្រើនបានសិក្សាច្រើន គេក៏ក្លាយជាក្មេងដែលអាចពេញចិត្តក្នុងរបស់ដែលមិនពេញចិត្ត ពេញចិត្តនឹងរបស់ដែលពិបាក អាចប្រឈមមុខនឹងបញ្ហា និង អាចមានសេចក្ដីសុខ អំពីរបស់មិនពេញចិត្ត អំពីរបស់ដែលពិបាក ឬអំពីបញ្ហាពួននោះបានទៀតផង។ ពេលនេះក្មេងក៏រឹងប៉ឹងក្រៃលែងឡើងជាងមុន ទាំងតាមផ្លូវចិត្ត និង ផ្លូវបញ្ហា។ បើយើងមិនអាចអភិវឌ្ឍក្មេងឲ្យដល់ដំណាក់កាលនេះ គឺឲ្យក្មេងមានសមត្ថភាព ដែលនឹងអាចមានសេចក្ដីសុខអំពីការយល់ដឹងឬអំពីការតបស្នងការ ចង់ចេះចង់ដឹង ក្មេងក៏មិនអាចឈានទៅរកការសិក្សាបានឡើយ។ បច្ចុប្បន្ននេះ ការសិក្សាមិនបានចាប់យកចំណុចនេះ ព្រោះហេតុនោះ ការសិក្សានឹងដំណើរការទៅបានដោយលំបាក ព្រោះយើងមិនបានហ្វឹកហាត់សិក្សា ឬ និយាយម្យ៉ាងទៀត ព្រោះមនុស្សនៅមិនទាន់អភិវឌ្ឍឈានឡើងក្នុងការសិក្សា។
ដកស្រង់ចេញពីសៀវភៅ សុភមង្គលគ្រួសារជាសន្តិសុខ
ដោយ ពន្លឺព្រះពុទ្ធសាសនា
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.