អធិប្បាយចំពោះខន្តីជាតបធម៌
ពួកធម៌ឯណា ដែលកើតឡើងហើយដុតបំផ្លាញបាបធម៌ដ៏ជាសត្រូវដល់ខ្លួនបាន, ធម៌អម្បាលនោះ បានឈ្មោះថាជាតបធម៌ទាំងអស់, ដូចកុសលកម្មបថ ក៏ជាតបធម៌របស់អកុសលកម្មបថ ព្រោះកាលកុសលកម្មបថកើតឡើង ក៏កំចាត់បង់អកុសលកម្មបថអន្តរធានទៅបាន, វីរិយៈ ( សេចក្ដីប្រឹងប្រែង ) ជាតបធម៌របស់ កោសជ្ជៈ ( សេចក្ដីខ្ជិលច្រអូស ) ព្រោះសេចក្ដីប្រឹងប្រែងកើតឡើង ក៏អាចកំចាត់បង់សេចក្ដីខ្ជិលច្រអូសឲ្យអន្តរធានទៅបាន, ដូច្នេះជាដើម។
ឯខន្តីនោះ បានជាហៅថាតបធម៌ ព្រោះដុតបាបធម៌ទាំងឡាយមាន ទោសៈ (សេចក្ដីប្រទូស្ដ) កោធ (សេចក្ដីក្រោធ) ព្យាបាទ ( សេចក្ដីបំផ្លាញគេឲ្យវិនាស ) វិហឹសា ( សេក្ដីបៀតបៀនគេ ) អរតិ ( សេចក្ដីឈ្នានីសគេ ) បដិឃៈ ( សេចក្ដីថ្នាំងថ្នាក់ ) ជាដើម ដែលជាសាខារបស់ទោសៈ ឲ្យរីងស្ងួតទៅ; ឯទោសៈដែលចម្រើនធំថ្លោសឡើងបាន ក៏អាស្រ័យសេចក្ដីមិនអត់ធន់, គប្បីមើលអ្នកដែលឈ្លោះវិវាទគ្នា ដូចពួកភិក្ខុក្នុងស្រុកកោសម្ពីដែលអាស្រ័យនឹងហេតុបន្តិចបន្តួច សមបើទឹកដែលសល់អំពីការជម្រះលាមកប៉ុណ្ណោះ ក៏មិនប្រឹងអត់ធន់, ផ្តួចផ្ដើមឲ្យកើតជាវិវាទទាស់ទែងរោលធំធាត់ឡើង ដរាបដល់បែកសាមគ្គីអំពីគ្នា, បើប្រសិនជាខាងណាម្ខាងអត់ធន់បាន រឿងរ៉ាវនោះក៏នឹងស្ងប់រម្ងាប់ទៅមិនខានឡើយ។ សេចក្ដីអត់ធន់នេះមិនមែនមានគុណចំពោះតែខ្លួនឯងទេ រមែងមានគុណប្រយោជន៍ដល់អ្នកដទៃផង, ហេតុដូច្នោះបានជាលោកសរសើរថាជាតបធម៌ដ៏សំខាន់ក្រៃពេក។
ម្យ៉ាងទៀត បណ្ដាអារម្មណ៍ដែលមកនាំឲ្យកើតទោសៈនោះ នឹងមានមកប៉ះពាល់ជានិច្ចទាំងយប់ទាំងថ្ងៃគ្រប់ពេលទៅក៏ទេ គង់មានចន្លោះទំនេរគ្រាន់នឹងឲ្យទប់ទល់តម្កល់ស្មារតីបានខ្លះដែរ, ចួនកាល ២-៣ ថ្ងៃមិនទាន់មកប៉ះពាល់ម្ដងសោះក៏សឹងមាន; ដែលនឹងហៅអធិវាសនក្ខន្តីបាននោះ ក៏ចំពោះតែក្នុងខណៈដែលមានហេតុមកប៉ះពាល់ជល់ទង្គិចហើយអត់ទ្រាំ បាននោះឯង។ បុគ្គលដែលជាអ្នកសមាទានអធិវាសនខន្តី បើមិនទាន់មានហេតុដែលនាំឲ្យកើតទោសៈទេ ឬទៅនៅជ្រកសម្ងំក្នុងទីណាដែលមិនមានមនុស្ស ការរក្សាអធិវាសនក្ខន្តីនោះ ក៏មិនទាន់ឃើញផលងស្ចារ្យ, លុះតែមានហេតុកើតឡើងហើយអត់ធន់បាន ទើបឃើញផលអស្ចារ្យមែន; ដូចពួកអ្នកច្បាំងដែលនឹងដឹងថាពូកែនោះ លុះតែបានចូលទៅប្រយុទ្ធនឹងសង្គ្រាម ហើយតយុទ្ធយកជាញជ័យបាន ទើបឈ្មោះថាពូកែមែន។
ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ
ដោយ ពន្លឺព្រះពុទ្ធសាសនា
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.