
សេចក្ដីសុខអំពីការចង់ធ្វើឲ្យល្អ
សេចក្ដីសុខអំពីការចង់ធ្វើឲ្យល្អ
- សំណួរសួរថាៈ ពោលដល់ចំណុចនេះ មានប្រការមួយដែលគួរគិតថា បច្ចុប្បន្ននេះ យើងបង្រៀនឲ្យរៀនដើម្បីទៅរកការងារធ្វើ បង្រៀនថា ត្រូវធ្វើយ៉ាងណា ធ្វើយ៉ាងនោះដើម្បីយកទៅប្រកបអាជីពបានរកប្រាក់បាន។ បើដូច្នោះ លក្ខណៈដូចពោលមកនេះ មិនមែនជាការសិក្សាដើម្បីអភិវឌ្ឍទេ?
- ចម្លើយៈ វាមិនមែនជាការសិក្សាដូចគ្នាទេ គឺការសិក្សាពិតនៅមិនទាន់បានចាប់ផ្ដើមនៅឡើយ។ អាត្មាធ្លាប់និយាយក្នុងពេលប្រជុំហើយថា " ការសិក្សានៅមិនទាន់បានចាប់ផ្ដើម ព្រោះថាការសិក្សាដែលចាប់ផ្ដើមពី ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ នេះឯង ដោយការមានអាការទទួល ដឹងទើបត្រឹមត្រូវ " ។ តែពេលនេះ ក្មេងស្ថិតនៅត្រឹមតែថ្នាក់នៃការប្រើឥន្ទ្រិយ ដើម្បីទទួលសេចក្ដីរលឹកដឹង និង មិនបានទទួលការណែនាំឲ្យមានការគិតក្នុងការសិក្សា ចង់យល់ដឹង ហើយប្រើឥន្ទ្រិយដើម្បីទទួលសេចក្ដីយល់ដឹង និង មិនឈានបន្តទៅក្នុងថ្នាក់នៃការចង់ធ្វើឲ្យល្អ។
- ការចង់យល់ដឹងជាមួយការដែលចង់ធ្វើវាឲ្យល្អ គឺនៅពេលយល់ដឹង គេនឹងសង្កេតឃើញបានដោយខ្លួនឯងថា របស់នោះនៅក្នុងភាវៈដែលអាចប្រព្រឹត្តទៅបានឬមិនបាន ហើយធ្វើឲ្យគេគិតថា របស់នេះគួរជាយ៉ាងនេះ របស់នោះមិនគួរជាយ៉ាងនោះ និងគួរដោះស្រាយយ៉ាងណា។ ពេលនោះ ការត្រូវការមូលដ្ឋានសិក្សាមាន២យ៉ាង ដែលនឹងចូលមកប្រចាំក្នុងចិត្តគឺ
១- ការចង់ចេះ ចង់ហ្វឹកហាត់ខ្លួន
២- ចង់ធ្វើនូវរបស់នៅមិនទាន់ត្រឹមត្រូវ ដែលខ្វះខាតឲ្យបានល្អឡើង។
- សេចក្ដីប្រាថ្នា ឬសេចក្ដីត្រូវការយ៉ាងនេះ ជាកុសល គឺចំណង់ដែលជាកុសល។ បើនិយាយដោយខ្លីទៅថា ការចង់ចេះ ចង់ដឹង និង ចង់ធ្វើឲ្យបានល្អ កាលក្មេងនៅមិនទាន់អភិវឌ្ឍចំណង់ ឬ សេចក្ដីត្រូវការ ២យ៉ាងនេះ ក្មេងមានត្រឹមតែសេចក្ដីត្រូវការក្នុងការសោយអារម្មណ៍ និង សេចក្ដីសុខអំពីការសោយនូវអារម្មណ៍ អំពីការប្រព្រឹត្តពុំមានឡើយ។ មនុស្សយើងនឹង អភិវឌ្ឍទៅបានអាស្រ័យមានសេចក្ដីប្រាថ្នា ចង់ចេះ ចង់ដឹង និងចង់ធ្វើឲ្យល្អ។ ពេលនោះ សេចក្ដីសុខនឹងមានយ៉ាងធំធេងបណ្ដាលមកពីការប្រព្រឹត្ត។
- ចំពោះក្មេងបច្ចុប្បន្ន បើឲ្យការសិក្សាភ្លាំងភ្លាត់ ( គឺមិនបានសិក្សា ) ក៏នឹងមានសេចក្ដីសុខតែក្នុងផ្លូវម្ខាង អំពីការសោយអារម្មណ៍។ គេមិនចង់ធ្វើ បើឲ្យគេធ្វើក៏ជាទុក្ខ បើប្រែជានឹងមានសេចក្ដីសុខ គឺចង់សុខដោយពុំចាំបាច់ធ្វើ ដោយត្រូវការបម្រុងបម្រើ ដែលមានអ្នកដទៃចាំធ្វើឲ្យ។ បើយ៉ាងនេះ ខ្លួនឯងក៏អភិវឌ្ឍទៅមិនរួច សង្គមក៏ចប់។
បើមានការសិក្សាត្រឹមត្រូវហើយ ក្មេងក៏រួចផុតពីការចង់តែសោយនូវអារម្មណ៍ ឡើងមកកាន់ការចង់សិក្សា ហើយនឹងមានសេចក្ដីសុខអំពីការបានយល់ដឹង។ បើក្មេងអភិវឌ្ឍឡើងមកកាន់ការសិក្សាយ៉ាងនេះ បញ្ហាក្នុងគ្រួសារក៏ថយចុះ ក្មេងនឹងមិនទាមទារច្រើនពេក។ ពេលនោះ ឪពុកម្ដាយរង់ចាំឲ្យគេគិត ដោយសួរថាចង់ធ្វើអ្វី? ច្រើនជាងសួរថា ចង់បានអ្វី?
- បើឪពុកម្ដាយជ្រើសរើសយកតែសំណួរថា ចង់បានអ្វី ហើយទៅរកអ្វីនោះយកមកឲ្យ ក្មេងនឹងផ្ដើមមាននិស្ស័យចង់បានក្រៃលែងឡើង ឲ្យប៉ុន្មានក៏មិនចេះគ្រប់ មានតែការទាមទារច្រើនឡើង។ បើឲ្យមិនគ្រប់ នៅក្នុងគ្រប់ក៏មិនមានសេចក្ដីសុខ គេក៏ទៅរកសេចក្ដីសុខនៅខាងក្រៅផ្ទះ អាចទៅសេពគប់នឹងថ្នាំញៀន។ តែបើក្មេងឈានចូលមកកាន់ការសិក្សា មានសេចក្ដីសុខពីការយល់ដឹង និង ការប្រព្រឹត្ត ឪពុកម្ដាយក៏ត្រឹមតែរង់ចាំមើលថា ក្មេងចង់ធ្វើអ្វី? និងធ្វើយ៉ាងណាឲ្យល្អក្រៃលែងឡើង ហើយចាំជួយទំនុកបម្រុង ក្មេងក៏អភិវឌ្ឍដោយខ្លួនឯង ឯបញ្ហាទាំងឡាយក្នុងគ្រួសារក៏ថយចុះ ព្រោះក្មេងម្នាក់ៗមានរឿងដែលត្រូវធ្វើ គឺធ្វើបរិយាកាសជុំវិញឲ្យល្អដោយខ្លួនឯង។ តែបើឪពុកម្ដាយចាំតែបម្រុងបម្រើកូន នោះវាមិនចេះចប់ ក្មេងក៏មានតែចាំសម្លឹងមើលច្រណែនគ្នា ក្រែងអ្នកដទៃបានច្រើនជាង ជំទាស់ មើលបំណាំ មិនមានសេចក្ដីសុខ សេចក្ដីរលឹកដឹងក្នុងសភាពជាបងប្អូនក៏មិនមាន។
- ព្រោះហេតុនោះ ទើបត្រូវជួយក្មេងក្នុងការហ្វឹកហាត់ខ្លួនឲ្យចូលទៅកាន់ការសិក្សា ឲ្យបាន។ ការសិក្សាក្នុងគ្រួសារនេះ ជាមូលដ្ឋានពិតប្រាកដ ត្រឹមត្រូវតាមគោលការណ៍ពិតរបស់ធម្មជាតិ និង បង្កើតបរិយាកាសនៃការយល់ដឹង បរិយាកាសនៃការសិក្សាឲ្យកើតឡើង។ នេះជាសេចក្ដីសុខមួយបែបរបស់មនុស្ស ដែលផ្សេងពីសេចក្ដីសុខ ដែលកើតឡើងជាមួយកាមគុណ មិនមែនជាសេចក្ដីសុខតាមធម្មជាតិរបស់មនុស្ស ដែលនៅមិនទាន់បានអភិវឌ្ឍ។
ដកស្រង់ចេញពីសៀវភៅ សុភមង្គលគ្រួសារជាសន្តិសុខសង្គម
ដោយ ពន្លឺព្រះពុទ្ធសាសនា
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.