យោបល់ឲ្យកើតអធិវាសនក្ខន្តី
ពុទ្ធសាសនិកជន ដែលស្ម័គ្រចិត្តប្រតិបត្តិតាមអធិវាសនក្ខន្ដីធម៌គួរគិតឲ្យយល់ដោយ យោបល់ដូច្នេះថា ៖ " ឱ! អ្នកដែលមកតិះដៀលអាត្មាអញដោយពាក្យសម្ដីទ្រគោះ ខ្ជីខ្ជាសៀតស៊កនេះហាក់ដូចជាគេមកបំពេញខន្តីរបស់អាត្មាអញ ឲ្យរឹងរឹតចម្រើនឡើងទេតើ" ព្រោះអធិវាសនក្ខន្តីនេះជាកម្លាំងនៃពោធិញ្ញាណមួយដ៏សំខាន់, ដូចកាលព្រះវេស្សន្ដរបរមពោធិសត្វទ្រង់ប្រទានកណ្ហាជាលីបុត្តសម្លាញ់ ឲ្យទៅជូជកព្រាហ្មណ៍ វេលាដែលព្រះរាជកុមារទាំងពីរកិកកុកមិនព្រមទៅ ព្រាហ្មណ៍ចាស់ក៏ទះតប់វាយដំច្រំធាក់ ចំពោះព្រះភក្ត្រព្រះបរមពោធិសត្វក្នុងគ្រានោះ ហេតុតែព្រះអង្គឋិតនៅក្នុងអធិវាសនក្ខន្តីយ៉ាងខ្ជាប់ខ្ជួនបានជាមិន ធ្វើអំពើអាក្រក់ឯណានីមួយដល់ព្រាហ្មណ៍នោះឡើយ។ ដូច្នេះហៅថាព្រះអង្គមានជ័យជំនះផង ហៅថាព្រះអង្គបានបំពេញទានបារមី និងខន្តីបារមីផង។
ម្យ៉ាងទៀតគួរគិតឲ្យយល់ដោយយោបល់ថា ៖ " ឱ! អ្នកដែលមកនិយាយស៊កសៀតទ្រគោះខ្ជីខ្ជាផ្ដេសផ្ដាសដូច្នោះ ទុកដូចគេយកបុណ្យមកឲ្យយើងទេតើ", ព្រោះការអត់ធន់មិនក្រោធខឹងសោះអំពីដំបូងតែម្ដង ឬដំបូងឡើយក្រោធខឹងខ្លះដែរ តែបានអត់ឲ្យស្ងប់មួយរំពេចទៅវិញ មិនលុះតាមអំណាចសេចក្ដីក្រោធខឹងនេះឯង ជាតួបុណ្យកុសលយ៉ាងសំខាន់ និងដើមចមនាំឲ្យកើតបុណ្យកុសលឯទៀតៗ ច្រើនយ៉ាង; ការបុណ្យកុសលចំពូកខ្លះបើនឹងធ្វើលុះតែអស់ទ្រព្យ ដាច់ប្រាក់កាស ឬនឿយហត់ពិបាកខ្លួនទើបបាន; ឯសេចក្ដីអត់ធន់ចំពោះសម្ដីដែលអ្នកដទៃមកនិយាយអាក្រក់គ្រោតគ្រាត ខ្ជីខ្ជានេះ ជាបុណ្យកុសលយ៉ាងងាយៗ មិនបាច់ដាច់ទ្រព្យសម្បត្តិឡើយ ហើយមិនបាច់នឿយព្រួយលំបាកផង ទាំងមានសេចក្ដីស្រួលសប្បាយដូចធម្មតា។
ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ
ដោយ ពន្លឺព្រះពុទ្ធសាសនា
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.