តួនាទីព្រះពុទ្ធសាសនា

Wednesday, May 21, 2014

ខ្មែរ​ចូល​ចិត្ត​អួត

ខ្មែរ​ចូល​ចិត្ត​អួត

 

 

 

 

 តាមមូលដ្ឋាន​ភូមិសាស្ត្រ​ខ្មែរ​ជាជន​​ជាតិ​ចូល​ចិត្ត​អួត ព្រោះ​ខ្មែរ​ឋិត​ក្នុង​អំបូរ​ខ្មែរ​មន​ ឯ​អំបូរ​ខ្មែរ​មន​មាន​ទីតាំង​ស្ថិត​នៅ​ជ្រោយ​សុវណ្ណភូមិ​។ ប្រជាជន​ដែល​រស់នៅ​ក្នុង​ជ្រោយ​សុវណ្ណ​ភូមិរមែង​សប្បាយ​ចិត្ត​នឹង​ភោគ​ ទ្រព្យ​ធម្មជាតិ​របស់​ខ្លួន​ ហើយ​ញ៉ាំង​ចិត្ត​របស់​ខ្លួន​ឲ្យ​មាន​អំណួត​អួត​មិន​ដឹង​ខ្លួន។ ប្រជាជន​ដែល​រស់​នៅ​ក្នុង​ជ្រោយ​សុវណ្ណភូមិ​គឺ​មន ចាម និង​ខ្មែរ​ ប៉ុន្តែ​សម័យ​នោះ​ពុំមាន​កំណត់​ព្រំ​ដែន​ទេ។ គេ​រស់​នៅ​តាម​បែ​ប​កុលសម្ព័ន្ធ​។ គេ​រក​ស៊ី​ជួញ​មាស​ជាមួយ​ពួក​ព័រ​ទុយគ្ហេ​ដែល​ឧស្សាហ៍​ធ្វើ​ដំណើរ​តាម​ សមុទ្រ​ចិននិងតាម​អូកែវ។ គេ​ពុំ​សូវ​ខ្វល់​ខ្វាយ​ពី​ការ​រក​ស៊ី​ប៉ុន្មាន​ទេ​ក្រៅ​ពី​ជួញ​មាស​ ជាហេតុ​ធ្វើ​ឲ្យ​ជន​ជាតិ​ទាំង​នេះ​មាន​អំណួត​ច្រើន ឯ​ជន​ជាតិ​អួត​ច្រើន​ជាង​គេ​គឺ​ មន បន្ទាប់​មក​គឺ​ចាម បន្ទាប់​មក​ទៀត​គឺ​ខ្មែរ។ ខ្មែរ​អួត​តិច​ជាង​គេ​ក្នុង​ចំណោម​ជន​ជាតិ​ទាំង​បី​ ប៉ុន្តែ​ក៏​និយម​អួត​ដែរ​ទោះ​តិច​ក្តី​ច្រើន​ក្តី​ ទើប​បុព្វ​បុរស​ខ្មែរ​ចង​ក្រង​ជា​ពាក្យ​ចាស់​សម្រាប់​សម្គាល់​ផ្នត់​គំនិត​ ជន​ជាតិ​ទាំង​បីនេះ ៖

- មន យក​មេឃ​ទ្រាប់​អង្គុយ

- ចាម ខ្វះ​មួយ​ចង្អាម​ដល់​មេឃ

- ខ្មែរ​ កប់​ពពក​ជ្រក​អាចម៍​ជន្លេន

តាមពាក្យ​ចាស់​ខាង​លើ​យើង​សង្កេត​ឃើញ​ថា​ ខ្មែរ​អួត​ត្រឹម​តែ​កប់​ពពក​ គឺ​ពុំ​ទាន់​ដល់​មេឃ​ទេ​ ហើយ​ឆាប់​វិញ​​មក​កាន់ស​ភាព​ដើម​របស់​ខ្លួន​វិញ​ មាន​ន័យ​ថា​អួត​ហើយ​ច្រើន​ភ្ញាក់​ខ្លួន​។ ខ្មែរ​និយាយ​ជាមួយ​ខ្មែរ​ពុំ​ដឹង​ថា​ខ្មែរ​ចូល​ចិត្ត​​អួត​ទេព្រោះ​ផ្នត់​ គំនិត​អួត​ប្រហែ​ល​គ្នា​ បើ​ខ្មែរ​និយាយ​ជាមួយ​ចាម​ដែល​អួត​ខ្លាំង​ជាង​ខ្មែរ​ទើប​ខ្មែរ​ចាប់​ អារម្មណ៍​ថា​ចាម​ចូល​ចិត្ត​អួត យ៉ាង​ណា​មិញ​ ចាម​និយាយ​ជាមួយ​ចាម​ ផ្នត់​គំនិត​ស្រប​គ្នា​ពុំ​ដឹង​ថា​ខ្លួន​ជា​ជន​ជាតិ​អួត​ទេ​ ប៉ុន្តែ​បើ​ចាម​និយាយ​ជាមួយ​មន​ ទើប​ចាម​ដឹង​ថា​មន​ជា​ជន​ជាតិ​អួត​ខ្លាំង។

- មន អួត​ខ្លាំង​ជាង​គេ​រហូត​ដល់​បាត់​បង់អស់​​ទឹក​ដី​

- ចាម អួត​ខ្លាំង​គួរ​សម​ដែរ​ក៏​ត្រូវ​បាត់​បង់​អស់​ទឹក​ដី

- ខ្មែរ អួត​ល្មម​ទើប​នៅ​សល់​ទឹក​ដី​ខ្លះ​

ហេតុ​អ្វី​ជនជាតិ​ទាំងបី​បាត់​បង់​អស់​ទឹក​ដី ឬ​បាត់​បង់​ខ្លះ​នៅ​ខ្លះ?

ព្រោះ​ជា​ជន​ជាតិ​អួត​អាង​ នឹង​ធន​ធាន​ធម្មជាតិ​របស់​ខ្លួន​ដោយ​សប្បាយ​ភ្លេច​ខ្លួន​មិន​នឹក​នា​ថា​ មាន​ជនជាតិ​ដទៃ​ចង់​ដណ្តើម​យក​ទឹក​ដី​ខ្លួន​សោះ។

ជន​ជាតិ​ថៃ​ដែល​មាន​អំបូរ​ខ្សែ​ស្រឡាយ​ជាមួយ​នឹង​ចិន​ ព្រោះ​មាន​ទីតាំង​នៅ​ប្រទេស​ចិន​ប៉ែក​ខាង​ត្បូង​ឆៀង​ខាងលិច​ ក្នុង​ខែត្រ​យូណាន់​ហើយ​ដែល​គេ​ស្គាល់​នៅ​សតវត្ស​ទី​៨ ក្រោយ​ការវាយ​លុក​នៃ​ជន​ជាតិ​ម៉ុងគ្ហោល​ នៅ​សតវត្ស​ទី​១៣ ក៏​ឆ្លៀត​សំរុក​កង​ទ័ព​មក​ភាគ​ខាង​ត្បូង​តាម​ក្រុង​សុខោទ័យ​ដណ្តើម​យក​ទឹក​ ដី​មន​អស់ និង​ទឹក​ដី​ខ្មែរ​ខ្លះ​ដែល​ជា​ខែត្រ​ខណ្ឌនៅ​ខាង​ជើង​ជួរ​ភ្នំ​ដង​រែក តាម​ដង​ទន្លេ​សេមូន​ ដូច​ជា​ខែត្រ​ នគរ​រាជ សូរិន សង្គាស គោកខាន់ ស៊ីសាកេត​ បុរីរម្យ​ រហូត​ដល់​ដែន​ដី​ម៉ាឡាយូ​ទៀត​ផង​ ដែល​សុទ្ធ​សឹង​ជា​ទឹក​ដី​ក្នុង​ជ្រោយ​សុវណ្ណភូមិ។

នៅ​ឆ្នាំ​ ១៧៩៤-៩៥ មន្ត្រី​ខ្មែរ​បីនាក់​ដណ្តើម​គ្នា​ធ្វើ​ធំ​ ម្នាក់​អួត​ថា​ខ្លួន​គ្រាន់​បើ​ជាង​ម្នាក់​ព្រោះ​ខ្លួន​ជា​ពូជ​អំបូរ​អួត។ មន្ត្រី​បែន ប្រើ​ល្បិច​ឲ្យ​មន្រ្តី ​សួស​ សម្លាប់​មន្ត្រី​ មូ រួច​ក៏​សម្លាប់​មន្ត្រី​ សួស​វិញ​ ប៉ុន្តែ​ដោយ​មន្ត្រី​សួស​មាន​បក្ស​បួក​ច្រើន​ បែន​ក៏​បើក​ដៃ​ឲ្យ​សៀម​​លើក​ទ័ព​ចូល​មក​វាយ​ប្រហារ​ប្រទេស​ខ្មែរ​បាន​ដោយ​ ងាយ ហើយ​យល់​ព្រម​ប្រគល់​ខែត្រ​ខ្លះ​ឲ្យ​សៀម​ជាការ​តប​ស្នង​សង​គុណ​ ដូច​ជា​ខែត្រ​ បាត់​ដំបង មង្គលបុរី និង​សិរីសោភ័ណ។

ហេតុ​អ្វី​បាន​ជា​នៅ​សម័យ​នោះ​មន្រ្តី​ខ្មែរ​ឡើង​ចាង​ម្ល៉េះ?

ព្រោះ​នៅ​សម័យ​នោះ​ការអួត​អាង​ដណ្តើម​អំណាច​គ្នា​មាន​កំរិត​​ខ្លាំង​ក្លា​ ណាស់​ដោយ​មាន​ទ័ព​បរទេស​ជាបង្អែក។ គេ​បង្ខំ​ឲ្យ​ព្រះ​អង្គ​អេង​ដែល​ជា​បុត្រ​ព្រះ​ឧទ័យ​ទី​២ ឡើង​សោយ​រាជ្យ​ពី​អាយុ​ ៦ ឆ្នាំ​ ឥត​ដឹង​ខ្យល់​អ្វី​សោះ​ មន្ត្រី​ធ្វើ​អ្វី​ៗ​បាន​តាម​ចិត្ត។

តាម​ឧទាហរណ៍​ប្រវត្តិសាស្ត្រ​ខាង​លើ​នេះ​ យើង​អាច​យល់​បាន​ថា​ទ័ព​បរទេស​ដែល​អាច​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​បាន​ដោយសារ​ តែ​ការ​ឲ្យ​ដៃ​ពី​មន្ត្រី​ខ្មែរ​ដែល​ជា​អ្នក​មាន​អស្មិ​មានៈ អួត​អាង​ថា​ខ្លួន​គ្រាន់​បើ​ជានិច្ច​ទោះ​បី​ប្រទេស​ជាតិ​រលត់​រលាយ​ក៏ដោយ​។

មាន​ឯកសារ​ច្រើន​ណាស់​ដែល​លាត​ត្រដាង​បង្ហាញ​ថា​ ខ្មែរ​ចូល​ចិត្ត​អួត​ ដូច​ជា​ច្បាប់​ផ្សេង​ៗ​របស់​ខ្មែរ​ តាំង​ពី​ច្បាប់​បណ្តាំ​បិតា​ ច្បាប់​កូន​ចៅ​ ច្បាប់​កូន​ចៅល្បើក ច្បាប់​ប្រុស​... សុទ្ធ​សឹង​អប់​រំ​កុំ​ឲ្យ​ខ្មែរ​ចូល​ចិត្ត​អួត​ពេក​ ដូច​មាន​ឧទាហរណ៍​តទៅនេះ​ ៖

ច្បាប់​បណ្តាំបិតា

កុំ​អួត​កម្លាំង កុំ​អាង​ខ្លួន​ខ្លាំង​រត់​នឹង​ស្រមោល

កុំ​អាង​ជា​ធំ​ កុំ​ងាយពាក្យ​ពោល

...

រី​ឯ​កង្កែប​   មុខ​ដូច​គេ​ពេប  ហាឡើង​ស្រដី

អួត​ឯង​កម្លាំង​ ជល់​នឹង​ដំរី​  ទោះ​ទាំង​រាជសីហ៍​

ក៏​អញ​មិន​ខ្លាច​។

ច្បាប់​កូន​ចៅ

...​កុំ​អាង​ស័ក្តិ​បុណ្យ​

... កុំ​អាង​មាន​ទ្រព្យ​

... កុំ​អាង​ចំណេះ  កុំ​អួត​ថា​ចេះ

... កុំ​អួត​ភ្លេច​ខ្លួន

... ចូរ​ចេះ​ដាក់​ខ្លួន​  គួរ​គិត​ក្តី​ស្ងួន

ស្រង់​ចេញ​ពី​សៀវភៅ អត្ថាធិប្បាយ​ទស្សនវិជ្ជា​ និពន្ធ​ដោយ សរ សារុន បោះ​ពុម្ព​ឆ្នាំ ១៩៧៣


ក្រោយ​ពី​បាន​អាន​អត្ថបទ​នេះ​ហើយ​តើ​អ្នក​យល់​យ៉ាងណា? តើ​ការអួត​អាង​ផ្តល់​ផល​វិបាក​អ្វី​ខ្លះ​ដល់​សង្គម?

គេ​គួរ​ជម្រុះ​ចោល​នូវ​ចិត្ត​អួត​អាង​ចង់​ឈ្នះ​ចង់​ចាញ់​ អាង​ខ្នង​ អាង​បក្ស​ អាង​ពួក​...

ត្បិត​មនុស្ស​ឥឡូវ         យក​ខុស​ជា​ត្រូវ          យក​ឆ្គួត​ធ្វើ​ជា

អំពើ​អាក្រក់​               ឡិក​ឡក់​លីលា          ព្រហឺន​ពាន​ពារ

                              អាង​មាស​អាង​ប្រាក់។

អាង​ព្រឺល​អាង​ប្រាជ្ញ​     អាង​កោង​អាង​កាច     អាង​កាប់​អាង​ចាក់

អាង​ជើង​អាង​ដៃ         អាង​វាយ​អាង​ធាក់     អាង​គុក​ច្រវាក់

                              អាង​ម៉ាស៊ីន​កាត់ក។

អាង​សុទ្ធ​តែ​ខុស          កូន​អើយ​ចាំ​ចុះ          អាង​នោះ​មិន​ល្អ

អ្នក​គិត​ឲ្យ​ល្អិត             ត្បិត​ស្រុក​យើង​ក្រ      ប្រមាណ​តំណ

                              តទៀត​ទៅ​មុខ។(​ក្រម​ង៉ុយ)


ដោយ ពន្លឺព្រះពុទ្ធសាសនា

Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments:

Post a Comment