តួនាទីព្រះពុទ្ធសាសនា

Thursday, May 22, 2014

សេចក្ដី​សុខ​អំពី​ការ​ចង់​ធ្វើ​ឲ្យ​ល្អ

 

 សេចក្ដី​សុខ​អំពី​ការ​ចង់​ធ្វើ​ឲ្យ​ល្អ









សេចក្ដី​សុខ​អំពី​ការ​ចង់​ធ្វើ​ឲ្យ​ល្អ

- សំណួរ​សួរ​ថាៈ ពោល​ដល់​ចំណុច​នេះ មាន​ប្រការ​មួយដែល​គួរ​គិត​ថា បច្ចុប្បន្ននេះ យើង​បង្រៀន​ឲ្យ​រៀន​ដើម្បី​ទៅ​រក​ការងារធ្វើ បង្រៀន​ថា ត្រូវ​ធ្វើ​យ៉ាង​ណា ធ្វើ​យ៉ាង​នោះ​ដើម្បី​យក​ទៅ​ប្រកប​អាជីព​បាន​រក​ប្រាក់​បាន។ បើ​ដូច្នោះ លក្ខណៈ​ដូច​ពោល​មក​នេះ មិន​មែន​ជា​ការ​សិក្សា​ដើម្បី​អភិវឌ្ឍ​ទេ?

- ចម្លើយៈ វា​មិន​មែន​ជា​ការ​សិក្សា​ដូច​គ្នា​ទេ គឺ​ការ​សិក្សា​ពិត​នៅ​មិន​ទាន់​បាន​ចាប់​ផ្ដើម​នៅ​ឡើយ។ អាត្មា​ធ្លាប់​និយាយ​ក្នុង​ពេល​ប្រជុំ​ហើយ​ថា " ការ​សិក្សា​នៅ​មិន​ទាន់​បាន​ចាប់​ផ្ដើម ព្រោះ​ថា​ការ​សិក្សា​ដែល​ចាប់​ផ្ដើម​ពី ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ នេះ​ឯង ដោយ​ការ​មាន​អាការ​ទទួល ​ដឹង​ទើប​ត្រឹម​ត្រូវ " ។ តែ​ពេល​នេះ​ ក្មេង​ស្ថិត​នៅ​ត្រឹម​តែ​ថ្នាក់​នៃ​ការ​ប្រើ​ឥន្ទ្រិយ ដើម្បី​ទទួល​សេចក្ដី​រលឹក​ដឹង និង មិន​បាន​ទទួល​ការ​ណែនាំ​ឲ្យ​មាន​ការ​គិត​ក្នុងការ​សិក្សា ចង់​យល់​ដឹង ហើយ​ប្រើ​ឥន្ទ្រិយ​ដើម្បី​ទទួល​សេចក្ដី​យល់​ដឹង និង មិន​ឈាន​បន្ត​ទៅ​ក្នុង​ថ្នាក់​នៃ​ការ​ចង់​ធ្វើ​ឲ្យ​ល្អ។

- ការ​ចង់​យល់​ដឹង​ជា​មួយ​ការ​ដែល​ចង់​ធ្វើ​វា​ឲ្យ​ល្អ គឺ​នៅ​ពេល​យល់​ដឹង គេ​នឹង​សង្កេត​ឃើញ​បាន​ដោយ​ខ្លួន​ឯង​ថា របស់​នោះ​នៅ​ក្នុង​ភាវៈ​ដែល​អាច​ប្រព្រឹត្ត​ទៅ​បាន​ឬ​មិន​បាន ហើយ​ធ្វើ​ឲ្យ​គេ​គិត​ថា របស់​នេះ​គួរ​ជា​យ៉ាង​នេះ របស់​នោះ​មិន​គួរ​ជា​យ៉ាង​នោះ និង​គួរ​ដោះ​ស្រាយ​យ៉ាង​ណា។ ពេល​នោះ ការ​ត្រូវ​ការ​មូលដ្ឋាន​សិក្សាមាន២យ៉ាង ដែល​នឹង​ចូល​មក​ប្រចាំ​ក្នុង​ចិត្ត​គឺ

១- ការ​ចង់​ចេះ ចង់​ហ្វឹកហាត់ខ្លួន
២- ចង់​ធ្វើ​នូវ​របស់​នៅ​មិន​ទាន់​ត្រឹម​ត្រូវ ដែល​ខ្វះខាត​ឲ្យ​បាន​ល្អ​ឡើង។

- សេចក្ដី​ប្រាថ្នា ឬ​សេចក្ដី​ត្រូវ​ការ​យ៉ាង​នេះ ជា​កុសល គឺ​ចំណង់​ដែល​ជា​កុសល។ បើ​និយាយ​ដោយ​ខ្លី​ទៅ​ថា ការ​ចង់​ចេះ​ ចង់​ដឹង និង ចង់​ធ្វើ​ឲ្យ​បាន​ល្អ កាល​ក្មេង​នៅ​មិន​ទាន់​អភិវឌ្ឍចំណង់ ឬ សេចក្ដី​ត្រូវការ ២យ៉ាង​នេះ ក្មេង​មាន​ត្រឹម​តែ​សេចក្ដី​ត្រូវ​ការ​ក្នុង​ការ​សោយ​អារម្មណ៍ និង​ សេចក្ដី​សុខ​អំពី​ការ​សោយ​នូវ​អារម្មណ៍ អំពី​ការ​ប្រព្រឹត្ត​ពុំ​មាន​ឡើយ។ មនុស្ស​យើង​នឹង អភិវឌ្ឍ​ទៅ​បាន​អាស្រ័យ​មាន​សេចក្ដី​ប្រាថ្នា ចង់ចេះ ចង់ដឹង និង​ចង់​ធ្វើ​ឲ្យ​ល្អ។ ពេល​នោះ សេចក្ដី​សុខនឹង​មាន​យ៉ាង​ធំ​ធេង​បណ្ដាល​មក​ពី​ការ​ប្រព្រឹត្ត។

- ចំពោះ​ក្មេង​បច្ចុប្បន្ន បើ​ឲ្យ​ការ​សិក្សា​ភ្លាំងភ្លាត់ ( គឺ​មិន​បាន​សិក្សា ) ក៏​នឹង​មាន​សេចក្ដី​សុខ​តែ​ក្នុង​ផ្លូវ​ម្ខាង អំពី​ការ​សោយអារម្មណ៍។ គេ​មិន​ចង់​ធ្វើ បើ​ឲ្យ​គេ​ធ្វើ​ក៏​ជា​ទុក្ខ បើ​ប្រែ​ជា​នឹង​មាន​សេចក្ដី​សុខ គឺ​ចង់​សុខ​ដោយ​ពុំចាំ​បាច់​ធ្វើ​ ដោយ​ត្រូវ​ការ​បម្រុង​បម្រើ ដែល​មាន​អ្នក​ដទៃ​ចាំ​ធ្វើ​ឲ្យ។ បើ​យ៉ាង​នេះ ខ្លួន​ឯង​ក៏​អភិវឌ្ឍ​ទៅ​មិន​រួច សង្គម​ក៏​ចប់។

បើ​មាន​ការ​សិក្សា​ត្រឹម​ត្រូវ​ហើយ ក្មេង​ក៏​រួច​ផុត​ពី​ការ​ចង់​តែ​សោយ​នូវ​អារម្មណ៍ ឡើង​មក​កាន់​ការ​ចង់​សិក្សា ហើយ​នឹងមាន​សេចក្ដី​សុខ​អំពី​ការ​បាន​យល់​ដឹង។ បើ​ក្មេង​អភិវឌ្ឍ​ឡើង​មក​កាន់​ការ​សិក្សា​យ៉ាង​នេះ បញ្ហា​ក្នុង​គ្រួសារ​ក៏​ថយ​ចុះ ក្មេង​នឹង​មិន​ទាមទារ​ច្រើន​ពេក។ ពេល​នោះ​ ឪពុកម្ដាយ​រង់ចាំ​ឲ្យ​គេ​គិត ដោយ​សួរ​ថា​ចង់​ធ្វើ​អ្វី? ច្រើន​ជាង​សួរ​ថា ចង់​បាន​អ្វី?

- បើ​ឪពុកម្ដាយ​ជ្រើស​រើស​យក​តែ​សំណួរ​ថា ចង់​បាន​អ្វី ហើយ​ទៅ​រក​អ្វី​នោះ​យក​មក​ឲ្យ ក្មេង​នឹង​ផ្ដើម​មាន​និស្ស័យ​ចង់​បានក្រៃលែង​ឡើង ឲ្យ​ប៉ុន្មាន​ក៏​មិន​ចេះ​គ្រប់ មាន​តែ​ការ​ទាមទារ​ច្រើន​ឡើង។ បើ​ឲ្យ​មិន​គ្រប់ នៅ​ក្នុង​គ្រប់​ក៏​មិន​មាន​សេចក្ដី​សុខ គេ​ក៏​ទៅ​រកសេចក្ដី​សុខ​នៅ​ខាង​ក្រៅ​ផ្ទះ អាច​ទៅ​សេព​គប់​នឹង​ថ្នាំញៀន។ តែ​បើ​ក្មេង​ឈាន​ចូល​មក​កាន់​ការ​សិក្សា មាន​សេចក្ដីសុខពី​ការ​យល់​ដឹង និង ការ​ប្រព្រឹត្ត ឪពុកម្ដាយ​ក៏​ត្រឹម​តែ​រង់​ចាំ​មើល​ថា ក្មេង​ចង់​ធ្វើ​អ្វី? និង​ធ្វើ​យ៉ាង​ណា​ឲ្យ​ល្អ​ក្រៃលែង​ឡើង ហើយ​ចាំ​ជួយ​ទំនុកបម្រុង ក្មេង​ក៏​អភិវឌ្ឍ​ដោយ​ខ្លួន​ឯង ឯបញ្ហា​ទាំង​ឡាយ​ក្នុង​គ្រួសារ​ក៏​ថយ​ចុះ ព្រោះ​ក្មេង​ម្នាក់ៗមានរឿង​ដែល​ត្រូវ​ធ្វើ គឺ​ធ្វើ​បរិយាកាស​ជុំវិញ​ឲ្យ​ល្អ​ដោយ​ខ្លួន​ឯង​។ តែ​បើ​ឪពុកម្ដាយ​ចាំ​តែ​បម្រុង​បម្រើ​កូន នោះ​វាមិន​ចេះ​ចប់ ក្មេង​ក៏​មាន​តែ​ចាំ​សម្លឹង​មើល​ច្រណែន​គ្នា ក្រែង​អ្នក​ដទៃ​បាន​ច្រើន​ជាង ជំទាស់ មើល​បំណាំ មិន​មាន​សេចក្ដី​សុខ សេចក្ដី​រលឹក​ដឹង​ក្នុង​សភាព​ជា​បងប្អូន​ក៏​មិន​មាន។

- ព្រោះ​ហេតុ​នោះ ទើប​ត្រូវ​ជួយ​ក្មេង​ក្នុង​ការ​ហ្វឹកហាត់​ខ្លួន​ឲ្យ​ចូល​ទៅ​កាន់​ការ​សិក្សា ​ឲ្យ​បាន។ ការ​សិក្សា​ក្នុង​គ្រួសារ​នេះ ជាមូល​ដ្ឋាន​ពិត​ប្រាកដ ត្រឹមត្រូវ​តាម​គោល​ការណ៍​ពិតរបស់​ធម្មជាតិ​ និង បង្កើត​បរិយាកាស​នៃ​ការ​យល់​ដឹង បរិយាកាស​នៃ​ការ​សិក្សា​ឲ្យ​កើត​ឡើង។ នេះ​ជា​សេចក្ដី​សុខ​មួយ​បែប​របស់​មនុស្ស ដែល​ផ្សេងពីសេចក្ដី​សុខ ដែល​កើត​ឡើង​ជា​មួយ​កាម​គុណ មិន​មែន​ជា​សេចក្ដី​សុខ​តាម​ធម្មជាតិ​របស់​មនុស្ស ដែល​នៅ​មិន​ទាន់​បានអភិវឌ្ឍ។

ដកស្រង់​ចេញ​ពី​សៀវភៅ សុភមង្គល​គ្រួសារ​ជាសន្តិសុខ​សង្គម

ដោយ ពន្លឺព្រះពុទ្ធសាសនា
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments:

Post a Comment