តួនាទីព្រះពុទ្ធសាសនា

Wednesday, May 21, 2014

យោបល់​ឲ្យ​កើត​អធិវាសនក្ខន្តី

យោបល់​ឲ្យ​កើត​អធិវាសនក្ខន្តី










យោបល់​ឲ្យ​កើត​អធិវាសនក្ខន្តី

ពុទ្ធសាសនិកជន ដែលស្ម័គ្រចិត្ត​ប្រតិបត្តិ​តាម​អធិវាសនក្ខន្ដី​ធម៌​គួរ​គិត​ឲ្យ​យល់​ដោយ​ យោបល់​ដូច្នេះ​ថា ៖ " ឱ! អ្នក​ដែល​មក​តិះដៀល​អាត្មាអញ​ដោយ​ពាក្យ​សម្ដី​ទ្រគោះ​ ខ្ជីខ្ជា​សៀតស៊ក​នេះ​ហាក់​ដូច​ជា​គេ​មក​បំពេញ​ខន្តី​របស់​អាត្មាអញ ឲ្យ​រឹងរឹត​ចម្រើន​ឡើង​ទេតើ" ព្រោះអធិវាសនក្ខន្តីនេះ​ជា​កម្លាំង​នៃ​ពោធិញ្ញាណ​មួយ​ដ៏​សំខាន់, ដូច​កាល​ព្រះវេស្សន្ដរបរមពោធិសត្វ​ទ្រង់​ប្រទាន​កណ្ហាជាលី​បុត្ត​សម្លាញ់​ ឲ្យ​ទៅ​ជូជក​ព្រាហ្មណ៍ វេលា​ដែល​ព្រះរាជកុមារ​ទាំង​ពីរ​កិកកុក​មិន​ព្រម​ទៅ ព្រាហ្មណ៍​ចាស់​ក៏​ទះ​តប់​វាយ​ដំ​ច្រំ​ធាក់ ចំពោះ​ព្រះភក្ត្រ​ព្រះបរមពោធិសត្វ​ក្នុង​គ្រា​នោះ ហេតុ​តែ​ព្រះអង្គ​ឋិត​នៅ​ក្នុង​អធិវាសនក្ខន្តី​យ៉ាង​ខ្ជាប់ខ្ជួន​បាន​ជា​មិន ​ធ្វើ​អំពើ​អាក្រក់​ឯណា​នី​មួយ​ដល់​ព្រាហ្មណ៍​នោះ​ឡើយ។ ដូច្នេះ​ហៅ​ថា​ព្រះអង្គមាន​ជ័យ​ជំនះ​ផង ហៅ​ថា​ព្រះអង្គ​បាន​បំពេញ​ទាន​បារមី និង​ខន្តី​បារមី​ផង។

ម្យ៉ាង​ទៀត​គួរ​គិត​ឲ្យ​យល់​ដោយ​យោបល់​ថា ៖ " ឱ! អ្នក​ដែល​មក​និយាយ​ស៊កសៀតទ្រគោះ​ខ្ជីខ្ជា​ផ្ដេសផ្ដាស​ដូច្នោះ ទុក​ដូច​គេ​យក​បុណ្យ​មក​ឲ្យ​យើង​ទេ​តើ", ព្រោះ​ការ​អត់ធន់​មិន​ក្រោធ​ខឹង​សោះ​អំពី​ដំបូង​តែម្ដង ឬ​ដំបូង​ឡើយ​ក្រោធ​ខឹង​ខ្លះ​ដែរ តែ​បាន​អត់​ឲ្យ​ស្ងប់​មួយ​រំពេច​ទៅ​វិញ មិន​លុះ​តាម​អំណាច​សេចក្ដី​ក្រោធ​ខឹង​នេះ​ឯង ជា​តួបុណ្យ​កុសល​យ៉ាង​សំខាន់​ និង​ដើម​ចម​នាំ​ឲ្យ​កើត​បុណ្យ​កុសល​ឯ​ទៀតៗ ច្រើន​យ៉ាង; ការ​បុណ្យ​កុសល​ចំពូក​ខ្លះ​បើ​នឹង​ធ្វើ​លុះ​តែ​អស់​ទ្រព្យ​ ដាច់​ប្រាក់​កាស ឬ​នឿយ​ហត់​ពិបាក​ខ្លួន​ទើប​បាន; ឯ​សេចក្ដី​អត់ធន់​ចំពោះ​សម្ដី​ដែល​អ្នក​ដទៃ​មក​និយាយ​អាក្រក់គ្រោតគ្រាត​ ខ្ជីខ្ជា​នេះ ជា​បុណ្យ​កុសល​យ៉ាង​ងាយៗ មិន​បាច់​ដាច់​ទ្រព្យ​សម្បត្តិ​ឡើយ ហើយ​មិន​បាច់​នឿយ​ព្រួយ​លំបាក​ផង ទាំង​មាន​សេចក្ដី​ស្រួល​សប្បាយ​ដូច​ធម្មតា។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ

ដោយ ពន្លឺព្រះពុទ្ធសាសនា
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments:

Post a Comment