តួនាទីព្រះពុទ្ធសាសនា

Wednesday, May 21, 2014

ឈ្នះសេចក្ដី​ក្រោធ ដោយ​សេចក្ដី​មិន​ក្រោធ

ឈ្នះសេចក្ដី​ក្រោធ ដោយ​សេចក្ដី​មិន​ក្រោធ









ឈ្នះសេចក្ដី​ក្រោធ ដោយ​សេចក្ដី​មិន​ក្រោធ

អ្នក​ដែល​មាន​អធិវាសនក្ខន្តី​ខ្ជាប់ខ្ជួន​ល្អ រមែង​ឈ្នះ​អ្នក​ដែល​មាន​សេចក្ដី​ក្រេវក្រោធ ដូច​នាង ឧត្តរា ដែល​ឈ្នះ​នាង សិរិមា។

សូម​នាំ​រឿងនោះ​មក​សម្ដែង​ជា​ឧទាហរណ៍​ដូច​ត​ទៅ​នោះ៖

រឿង នាង​ឧត្តរា

នាង​ឧត្តរា ជា​ឧបាសិកានោះ ជា​អ្នក​បាន​សម្រេច​សោតា តាំង​ពីក្មេង ជា​ធីតា​របស់​បុណ្ណសេដ្ឋី ជា​ភរិយា​របស់​រាជគហសេដ្ឋី​ដែល​ជា​មនុស្ស​មិច្ឆាទិដ្ឋិ។

តាំង​ពី​ថ្ងៃ​ដែល​នាងទៅ​នៅ​ក្នុង​ផ្ទះ​ស្វាមី មិន​មាន​ឱកាស​នឹង​បរិច្ចាគ​ទាន, នាង​ក៏​បាន​ជួយ​សិរិមា ដែល​ជា​ស្ត្រី​ពេស្យា​ផ្កាមាស​ឲ្យ​មក​នៅ​បម្រើ​ស្វាមី​របស់​នាង ហើយ​នាង​ចៀស​ចេញ​ទៅ​ធ្វើ​ការ​កុសល​តាម​ប្រាថ្នា។ ឯ​នាង​សិរិមា​នោះ កាល​បើ​បាន​នៅ​ជា​មួយ​នឹង​ស្វាមី​របស់​គេ​តែ​ត្រឹម​កន្លះ​ខែ ក៏​កម្រើក​ចិត្ត​គិត​ចង់​ដណ្ដើម​យក​ទី​ជា​មេ​ផ្ទះ បាន​ប្រទូស្ដ​ដល់​នាង​ឧត្តរា​មាន​ប្រការ​ផ្សេងៗ ដរាប​ដល់​ប្រើ​គេ​ឲ្យ​យក​ទឹក​ក្ដៅ​កំពុង​ពុះ​ស្រោច​ចុះ​លើ​នាង​ឧត្តរាជា​ទី​ បំផុត, តែនាង​ឧត្តរា​មិន​ក្រេវក្រោធ​សោះ ទឹក​ក្ដៅ​នោះ​ត្រឡប់​ជា​ទឹក​ត្រជាក់​ដូច​ទឹក​ធម្មតា។ ឯនាង​សិរិមា​ដឹង​ថា​ខ្លួន​មា​នទោស ទើប​ចូល​ទៅ​សូម​ស្មាលា​ទោស​នឹង​នាង​ឧត្តរាៗ ក៏​នាំ​ទៅ​ចូល​គាល់​ព្រះបរម​សាស្ដា​ក្រាប​បង្គំ​ទូល​រឿង​នុះ​ឲ្យ​ទ្រង់​ ជ្រាប។ ព្រះអង្គ​ទ្រង់​ព្រះមេត្តា​ប្រោស​ប្រទាន​ព្រះសទ្ធម្មទេសនា​ទូន្មាន​ថា៖

អក្កោធេន ជិនេ កោធំ អសាធុំ សាធុនា ជិនេ
ជិនេ កទរិយំ ទានេន សច្ចនាលិកវាទិនំ។

សេចក្ដី​ថា៖ បុគ្គល​គប្បី​ឈ្នះសេចក្ដី​ក្រោធ (របស់គេ) បាន​ដោយ​សារ​សេចក្ដី​មិន​ក្រោធ (របស់​ខ្លួន), គប្បី​ឈ្នះ​សេចក្ដី​មិន​ល្អ (របស់​គេ) បាន​ ដោយ​សេចក្ដី​ល្អ (របស់​ខ្លួន), គប្បីឈ្នះ​សេចក្ដី​កំណាញ់ស្វិត (របស់​គេ) បាន​ ដោយ​ការ​ឲ្យ (របស់​ខ្លួន), គប្បីឈ្នះ​ មនុស្ស​ដែល​ហៃ​និយាយ​ឡេះឡោះ​បាន ដោយ​ការ​និយាយ​តែ​ពាក្យ​ពិត​ទៅរក។

ត្រង់​បទ​ថា៖ បុគ្គល​ឈ្នះ​សេចក្ដី​ក្រោធ (របស់​គេ) បាន​ដោយ​សារ​សេចក្ដី​មិន​ក្រោធ (របស់​ខ្លួន), នោះ​មាន​សេចក្ដី​អធិប្បាយ​ដូច​តទៅ៖

សេចក្ដី​ក្រេវក្រោធ ជា​សង្កិលេស​ធម៌​ម្យ៉ាង តែង​ដេក​ត្រាំ​នៅ​ក្នុង​ខន្ធសន្ដាន​នៃ​មនុស្ស​បុថុជ្ជន​ទូទៅ កម្រ​នឹង​លះ​បាន, លុះ​តតែ​ព្រះខីណាស្រព ទើប​លះ​បាន ដោយ​អំណាច​អរហន្តមគ្គ; ឯ​មនុស្ស​ជា​បាប​បុថុជ្ជន​មាន​សន្ដាន​ក្រាស​ដោយ​បាប លះ​មិន​បាន​ឡើយ, លុះ​តែ​ជា​កល្យាណ​បុថុជ្ជន​មាន​សន្ដាន​ល្ង ទើប​លះ​បាន​ ដោយ​អំណាច​អធិវាសនក្ខន្តី។ បុគ្គលណា​មួយ​បើ​មាន​អ្នក​ដទៃ​មក​ប្រទូស្ដ ហើយ​ខ្លួន​ជា​មនុស្ស​អាច​ធ្វើ​អ្នក​ដែល​ប្រទូស្ដ​នោះ​ឲ្យ​វិនាស​បាន​ដែរ, តែ​អត់ធន់ មិន​ក្រោធពិរោធតប​ឡើយ​ចេះ​សម្ដែង​មិត្ត​មេត្រី ធ្វើ​មុខ​ស្រស់​បស់​សំណេះសំណាល​ទៅ​រក​គេ​វិញ, បើ​ដូច្នេះ​ អ្នក​ដែល​ប្រទូស្ដ​នោះ មិន​យូរ​ប៉ុន្មាន​ក៏​នឹង​រសាយ​ចិត្ត លែង​ប្រទូស្ដ​ខ្លះ​មិន​ខាន, ហេតុ​នេះ​បាន​ជា​ លោក​ឲ្យ​ឈ្មោះ​អ្នក​ដែល​ចេះ​អត់ធន់​បែប​នោះ​ថា ជា​មនុស្ស​មាន​ជ័យ​ជំនះ​ឈ្នះ​អ្នក​ដែល​ប្រទូស្ដ​ ដោយ​ពិត ដូច​នាង​ឧត្តរា​នោះ​ឯង។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ

ដោយ​ ពន្លឺព្រះពុទ្ធសាសនា
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments:

Post a Comment